គណេស

គឺឈ្មោះ​ទេវតា​មាន​ក្បាល​ជា​ដំរី ជា​បុត្រ​ព្រះ​ឥសូរ ។ ក្លាយ​មក​ពី​ពាក្យ(វិឃ្នេស)។
វិឃ្នេស
មានន័យថា វិឃ្ន”​ជំទាស់” + ឦឝ ឬ ឦឝ្វរ “ដែល​ជា​ធំ” = អ្នក​ដែល​ជា​ធំ​ក្នុង​ការ​ជំទាស់) នាម​របស់​ព្រះ​មួយ​អង្គ, ខ្លួន​ជា​មនុស្ស សីសៈ​ជា​ដំរី, ជា​បុត្រ​របស់​ព្រះ​ឥសូរ, មាន​និយាយ​ក្នុង​សាសនា​ព្រាហ្មណ៍ ហៅ ព្រះ​វិឃ្នេស (ខ្មែរ​ច្រើន​ហៅ ព្រះ​គណេស ឬ ហៅ​ក្លាយ​ជា ព្រះ​ភឃ្នេស) ។ ៙វិឃ្នេស្វរៈ៚
ប្រវត្តិលម្អិត៖
ព្រះគណេស Ganesha (/ɡəˈneɪʃə/; Sanskrit: गणेश, Gaṇeśa; ) ជាទេពមួយអង្គនៅក្នុងព្រហ្មញ្ញសាសនា ដូច្នេះក្នុងបុរាណកាលគេប្រទះឃើញរូបព្រះគណេសជាធម្មតានៅប្រទេសកម្ពុជា ដោយសារជំនាន់នោះយើងទទួលឥទ្ធិលពលអារ្យធម៍ពីឥណ្ឌាមកច្រើន ហើយក្នុងរយៈពេលយ៉ាងយូរយើងកាន់ព្រហ្មញ្ញសាសនាជាសាសនាធំ ថ្វីត្បិតតែមានអ្នកកាន់ព្រះពុទ្ធសាសនាដែរ ។ ព្រះគណេសមានខ្លួនជាមនុស្ស និងក្បាលជាដំរី ឯដៃវិញមាន ពីរ បួន រឺច្រើនជាងនេះទៀត ។ ឈ្មោះថា '' គណេស '' គឺហៅតាមកានិយមនៃអ្នកសិក្សាជាទូទៅទេ ។ តាមពិតឈ្មោះទេពនេះមានច្រើនបែបច្រើនយ៉ាងណាស់ ដូចជា គណបតី , រីឃ្នាធិបតី , រីគណេស្វរ , រីនាយក... ឯខ្មែរទម្លាប់ហៅ '' ភគណេស '' ( មកពីពាក្យសំស្ក្រឹតដើមថា '' វិឃ្នេស '' ប្រែថា '' អ្នកទម្លាយឧបសគ្គ '' ) ។ រូបព្រះគណេសដែលចាស់ជាគេនៅកម្ពុជាគេយល់ថាសាងឡើងនៅ ស.វ.ទី៦-៧ ។ បើពោលតែពីសម័យបុរាណក៏ឃើញថាព្រះគណេសមានច្រើនបែបណាស់ ជួនសិតជារូបសម្រិត ជួនជាចម្លាក់ថ្នដាច់តែឯង ឫជាចម្លាក់លើផ្ទាំងថ្មជាគ្រឿងប្រាសាទ ជួនកាលទៅទៀតឆ្លាក់លើផ្ទាំងថ្មធម្មជាតិនៅតាមពើងជាដើម ។ ហើយបើនិយាយពីសិលាចរឹកទៀតផង គឺគេតែងប្រទះឃ្លារឺល្បះវែងខ្លីដែលពោលសរសើរលើកតម្កើងទេពនេះនៅគ្រប់សម័យកាលពីជំនាន់បុរាណ
-------------------------------------------—-
ប្រវត្តិព្រះគណេស
មានរឿងដំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ព្រះគណេសនោះជាបុត្រនៃព្រះឥសូរៗ ត្រូវការកោរជុក ក៏ប្រើបម្រើឲ្យទៅអញ្ជើញព្រះនារាយណ៍មកកោរជុក ។ នៅវេលាអ្នកបម្រើទៅ ព្រះនារាយណ៍កំពុងផ្ទំស្កល់ អ្នកបម្រើចូលទៅដាស់ទូលតាមសេចក្ដីបង្គាប់ពីព្រះឥសូរ ។ ព្រះនារាយណ៍តើនឡើងពីផ្ទំ ឮពាក្យនោះហើយខ្ញាល់ ទើបពោលពាក្យថា "អញមិនរវល់ទៅកោរសក់អាកំបុតក្បាលណាទេ រកតែនឹងដេកពួនមិនបាន" ។ ដោយអំណាចព្រះនារាយណ៍មានឫទ្ធិខ្លាំងពូកែ ក៏បណ្ដាលឲ្យបុត្រព្រះឥសូរនោះ ដាច់បាត់ក្បាលទៅមួយរំពេចនោះឯង ។ ឯព្រះឥសូរដែលមានឫទ្ធិខ្លាំងពូកែដែរ លុះឃើញកូនខ្លួនដាច់ក្បាលបាត់ដូច្នោះ ក្រឡេកឃើញកូនដំរី១នៅជិត ក៏កាត់កដំរីយកក្បាលមកតភ្ជាប់នឹងកកូន ហើយជប់ប្រស់ឲ្យរស់ឡើងវិញ១រំពេចនោះដែរ ។
ឯព្រះនារាយណ៍ កាលបើខ្ញាល់ហើយក៏យាងមក ប្រាថ្នានឹងកោរសក់ឲ្យបុត្រព្រះឥសូរ បានជ្រាបហេតុសព្វគ្រប់ដូច្នោះហើយ ក៏ជួយប្រសិទ្ធីកូននោះ ឲ្យមានឫទ្ធិខ្លាំងពូកែថែមឡើងទៀត ព្រមទាំងបង្រៀនមន្តវិជ្ជាការផ្សេងៗផង ហើយឲ្យនាមកូននោះថា (ភក្ត្រគណេស" ព្រោះមានខ្លួនជាមនុស្ស ក្បាលជាដំរី អ្នកស្រុកហៅក្លាយមកទៀតថា "ព្រះគ្នេស" ។ តាមសេចក្ដីដំណាលថា ព្រះភក្ត្រគណេសនេះ មានឫទ្ធិខ្លាំងពូកែណាស់ សូម្បីតែផ្កាយនៅលើមេឃទាំងអំបាលម៉ាន លោកអាចយកប្រមោយ បោសប្រមូលយកមកមើលបានទាំងអស់ ឥតសល់មួយឡើយ ។
ដោយហេតុនេះហើយ ទើបអ្នកស្រុកដែលគោរពសាសនាព្រាហ្មណ៍ ឆ្លាក់រូបថ្មជាតំណាងរូបព្រះគណេសទុកគោរពបូជា ជឿថាជាវត្ថុសក្ដិសិទ្ធមែន ។ អ្នកខ្លះឆ្លាក់ភ្លុកដំរី ខ្នាយ រឺ ថ្មសំលៀងធ្វើជារូបព្រះភក្ត្រគណេសតូចៗ ដាក់ក្នុងទន្លាប់ក្រមួនក្រអូប ហើយប្រសិទ្ធិដោយមន្តអាគម ឩមអាមផ្សេងៗទុកជារបស់ទីពឹងមួយយ៉ាងសំខាន់ សម្រាប់ការពារខ្លួន នៅវេលាមានអាសន្នម្ដងម្កាល ។ ដោយគេសន្មតថា ព្រះគណេសជាអ្នកខ្លាំងពូកែ ប្រកបដោយឫទ្ធិអំណាច និងជាគ្រូលើមន្តអាគមនេះហើយ ទើបគេខំរចនាឆ្លាក់ធ្វើជារូបតំណាងទុករហូតមក ទាល់តែក្លាយបានជារូបអ្នកតាមួយ សម្រាប់អ្នកស្រុកគោរពបូជាដល់សព្វថ្ងៃ៕






















ដោយ មន្តអាគមខ្មែរ
By Serey Sey Kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 Comments:

Post a Comment